ព័ត៌មានថ្មីបំផុត

ឯកឧត្តម គួច ចំរើន ជួប​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​

ដោយ: ថុង សីហា ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,185
សន្តិសុខសង្គម
ANN ឯកឧត្តម គួច ចំរើន ជួប​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ នា​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រារព្ធ​ពិធី​ប្រជុំ​បូកសរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ​សង្គម និង​លទ្ធផល​ការងារ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាមួយ​សហគមន៍​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៧ និង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​មន្ត្រីនគរបាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​


​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ចាប់ពី​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន ដល់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល សរុប​ចំនួន​២៩៨​នាក់​។​


​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​អាន​នូវ​ប្រវត្តិ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​តាម​ជំនាន់​នីមួយៗ និង​អាន​សភាពការណ៍​បទល្មើស​ដែល​កើតមានឡើង​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ រួចមក លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឡើង​មានមតិ​ណែនាំ​អំពី​ការអនុវត្ត​នីតិវិធី​ក្នុង​កិច្ចប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ឱ្យបាន​យល់​បន្ថែម ដើម្បី​យកទៅអនុវត្ត​ឱ្យចំ​នីតិវិធី​ច្បាប់ នៃ​ក្រមព្រហ្មទណ្ឌ​។​


​បន្ទាប់មក​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​សំណេះសំណាល​ក្នុង​អង្គពិធី ហើយ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ថា ក្នុងនាម​ជា​កងកម្លាំង​ដាច់ខាត​ត្រូវតែ​ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បានចែង​ក្នុង​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​របស់​នគរបាលជាតិ ត្រូវខិតខំ​បំពេញភារកិច្ច ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត និង​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ពិសេស​បំផុត​ត្រូវតែ​អនុវត្ត​ឱ្យ​ខាន​តែ​បាន​នូវ​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ចេញ​គឺ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សង្គមជាតិ​យើង​ទាំងមូល​។


​ដោយឡែក​នៅក្នុង​កម្មវិធី​សំណេះសំណាល​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឧ​ត្ត​ម្ភ​ទឹកប្រាក់​ចំនួន ៥,០០០,០០០ រៀល​(​ប្រាំ​លាន​រៀល​) ដែលជា​ការលើកទឹកចិត្ត​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ផងដែរ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១