ព័ត៌មានថ្មីបំផុត

សមត្ថកិច្ច​ចម្រុះ បង្ក្រាប​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង នៅ​ស្រុក​សំបូរ​

ដោយ: ម៉ុក ពន្លក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 236,695
សន្តិសុខសង្គម
ANN សមត្ថកិច្ច​ចម្រុះ បង្ក្រាប​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង នៅ​ស្រុក​សំបូរ​

​ក្រចេះ​៖ កម្លាំង​ស្នាក់ការ​សន្តិសុខ​៧១០​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​គ្រៀង ចុះបង្ក្រាប​បាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ដុង​ណាយ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​។​


​ប្រភព​បានអោយដឹងថា រថយន្ត​ដឹកឈើ​ប្រណិត​ទាំងពីរ​គ្រឿង​នេះ គឺ​បាន​ដឹកជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង​មក​ពួន​សម្ងំ​នៅ​ចំណុច​ខាងលើ​បំរុង​លោតឆ័ត្រ​ដឹក​បន្តទៅ​លក់​នៅ​ព្រំដែន ប្រទេស​វៀតណាម​។​


​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​លោក សៀង សុខុម ប្រធាន​ស្នាក់ការ សន្តិសុខ​៧១០​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានដឹងថា មុន​និង​ឈានដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង ខាងលើនេះ ដោយ​ទទួលបាន​ពត៌មាន រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីកន្លែង​នោះ​ថា មាន​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ផ្ទុក​ឈើ​ពេញព្រៀប ភ្លាមៗ​កម្លាំង​របស់លោក សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​គ្រៀង​ចុះទៅ​ដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​ដែល​កំពុង​ពួន​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ស្ងាត់​ដើម្បី​រង់ចាំ​ឱកាសល្អ​ដឹក​បន្ត​លោតឆ័ត្រ​ទៅ​លក់​នៅ​ព្រំដែន ប្រទេស​វៀតណាម ។​


​លោក សៀង សុខុម ប្រធាន​ស្នាក់ការ សន្តិសុខ​៧១០ បានអោយដឹង​បន្តទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ គឺ​សមត្ថកិច្ច​ឃាត់​បានតែ​រថយន្ត និង​ឈើ​តែប៉ុណ្ណោះ រីឯ​អ្នកបើកបរ និង​ម្ចាស់​ឈើ​បានដឹងខ្លួន​មុន​ហើយ​ក៏បាន​រត់គេចខ្លួន ចូល​ព្រៃ​បាត់ស្រមោល​។​


​ប្រភពព័ត៌មាន​ពី​លោក កែវ ចំណាន នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បានឱ្យដឹងថា ក្រោយពី​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​មក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក​ក៏​នាំយក​វត្ថុតាង​ទាំង​នោះមក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ដើម្បី​កសាង​សំនុំ​ឯកសារ​តាម​នីតិវិធី ។​


​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រូបនេះ​បាន អោយដឹង​បន្ថែមទៀតថា ឈើ​ទាំងនេះ​ជា​ឈើ​សុ​ក្រម​ប្រភេទ​លេខ​១ មិនមែន​ឈើប្រណិត​ឡើយ ក្រោយពី​រាប់​ចំនួន និង​ធ្វើការ​វាស់វែង​ឃើញថា ឈើ​នេះ​មាន​ចំនួន​២១៦​ដុំ ស្មើនឹង ៨​ម៉ែត្រគូប ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់វិធានការ​តាមច្បាប់​ស្តីពី​ព្រៃឈើ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១