ព័ត៌មានថ្មីបំផុត

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការធ្វើឃាត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី

ដោយ: ANN ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ 5,739
សន្តិសុខសង្គម

សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការធ្វើឃាត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​តួ​ក​គី​លោក Andrei Karlovic និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ​នៅ​ថ្ងៃ​អង្គារ។

 

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅពេលដែល​អ្នកការទូត​រុស្ស៊ី​រៀបចំ​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​តាំងពិព័រណ៍​សិល្បៈ​នៅ​រដ្ឋធានី​អង់កា​រ៉ា ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ។ គាត់​ត្រូវបាន​បាញ់សម្លាប់​ដោយ​សមាជិក​ម្នាក់​នៃ​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​ទីក្រុង​អង់កា​រ៉ា ដែល​បាន​ស្រែកថា ទីក្រុង​ស៊ី​រី "អា​ឡេ​ប៉ូ» នៅ​កន្លែងកើតហេតុ។

 

ឃាតកម្ម​នេះ​កើតឡើង​មុន​ថ្ងៃ​នៃ​កិច្ចប្រជុំ​ត្រីភាគី​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី តួ​ក​គី​និង​អ៊ីរ៉ង់​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ទីក្រុង​ម៉ូស្គូ សម្រាប់​កិច្ចចរចា​ស្តីពី​ប្រទេស​ស៊ី​រី។ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Mevlut Cavusoglu បានសម្រេច​ចិត្ត​ឆ្ពោះទៅមុខ​ចូលរួម​កិច្ចប្រជុំ បើទោះបី​មានការ​បង្ហូរឈាម ស្របពេល​នៃ​ការធ្វើដំណើរ​របស់គាត់​ទៅកាន់​ទីក្រុង​ម៉ូស្គូ។ លោក​បាន​លើកសរសើរ​លោក Karlovic ដែល​បាន "ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​អភិវឌ្ឍ ទំនាក់ទំនង រុស្ស៊ី-តួ​ក​គី ទោះបី​ស្ថិត​ជួបប្រទះ​ស្ថានភាព​តឹងតែង​ជាច្រើន​ដង ...។

 

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​លើកឡើងថា ការសម្លាប់ Karlovic គឺជា​ការបង្ក​ហេតុ​ក្នុង​គោលបំណង​រារាំង​ដល់​ទំនាក់ទំនង​ប្រទេស​រុស្ស៊ី-តួ​ក​គី និង​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី ។ ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​បាន​យល់ព្រម​រួមដៃគ្នា​ក្នុងការ​ស៊ើបអង្កេត​ពី​ឧបទ្ទវ​ហេតុនេះ។

 

លោកពូ​ទីន​បាន​សន្យាថា​នឹង​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរ​វករ។ ខណៈ​ក្រសួងការបរទេស​ស៊ី​រី​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ព្រឹត្តិការណ៍​នេះ។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក John Kerry បាន​ហៅ​ការសម្លាប់​នេះ ការវាយប្រហារ​មួយ​លើ​សិទ្ធិ​ទទួលបាន​សុខ​សុវត្ថិភាព​និង​មាន​សុវត្ថិភាព​របស់​អ្នកការទូត​ទាំងអស់ និង​ជា​តំណាងឱ្យ​ប្រទេសជាតិ​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក។ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក Ned Price ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម។

 

ក្នុង​សេចក្តីថ្លែងការណ៍​ជាលា​យក្ខ​ណ៍​អក្សរ​មួយ​របស់លោក​ប្រធានាធិបតី​អាម៉េរិក​ដែល​ទើប​ជាប់ឆ្នោត​លោក Donald Trump បាន​ថ្កោលទោស​ចំពោះ​ការសម្លាប់​មនុស្ស​ថា​ជា ការរំលោភ​នៃ​ច្បាប់​ទាំងអស់ ហើយ​ត្រូវតែ​ថ្កោលទោស​ជា​សាកល។

 

នៅក្នុង​សារ​រំលែក​ទុក្ខ​មួយ​ទៅកាន់​លោក​ឡាវ​រ៉ូ​វ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ​ទៅលើ​អ្នកការទូត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​អំពើ​ភេរវកម្ម​ទម្រង់​ទាំងអស់។ លោក វ៉ាង យី បាន​បន្ថែមថា ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ និង​គាំទ្រ​យ៉ាងខ្លាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម។

 

ប្រទេស​បារាំង អេ​ហ្ស៊ី​ប ប្រេ​ស៊ី​ល បេឡា​រុស និង​ប្រទេស​ក្រិ​ក​សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ និង​ការ​ថ្កោលទោស​ចំពោះ​ឃាតករ។ ក្នុង​សេចក្តីប្រកាស​មួយ​របស់​ក្រសួងការបរទេស​អេ​ហ្ស៊ី​ប​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​នៃ​អនុសញ្ញា​អន្តរជាតិ ដើម្បី​ផ្តល់​ការការពារ​ដល់​បេសកកម្ម​ការទូត ពិសេស​ចំពេល​ដែលមាន​ការគំរាមកំហែង​ជា​បន្តបន្ទាប់​នៃ​អំពើ​ភេរវកម្ម។

 

កើត​នៅ​ឆ្នាំ១៩៥៤ នៅ​ទីក្រុង​មូ​ស្គូ លោក Karlovic គឺជា​អ្នកការទូត​អាជីព​ម្នាក់​ដែល​បាន​បម្រើការ​នៅក្នុង​ប្រទេស​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ២០១។ ឃាតករ​គឺជា​បុរស​ដែលមាន​វ័យ ២២ ឆ្នាំ មាន​ឈ្មោះថា Mevlut Mert Altintas ក្រោយមក​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​ជាមួយ​ប៉ូលិស៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១