ព័ត៌មានថ្មីបំផុត

ប្រធានាធិបតី​ប្រេ​ស៊ី​ល​បដិសេធ​មិន​លាលែង​ពី​តំណែង បើទោះជា​មានការ​ចោទប្រកាន់​អំពើពុករលួយ

ដោយ: ANN ថ្ងៃសៅរ៌ ទី២០ ខែឧសភា ឆ្នាំ២០១៧ 10,607
នយោបាយ
ANN ប្រធានាធិបតី​ប្រេ​ស៊ី​ល​បដិសេធ​មិន​លាលែង​ពី​តំណែង បើទោះជា​មានការ​ចោទប្រកាន់​អំពើពុករលួយ

លោក Michel Temer ប្រធានាធិបតី​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​មិន​លាលែង​ពី​តំណែង បើទោះបី​ត្រូវ​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​អំពើពុករលួយ។

ថ្លែង​ទៅកាន់​ជនរួមជាតិ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​លោក Temer បាន​និយាយថា «ខ្ញុំ​នឹងមិន​លាលែង​ពី​តំណែង ខ្ញុំ​និយាយ​ម្តងទៀត ខ្ញុំ​នឹងមិន​លាលែង​ពី​តំណែង»។ លោក​បានទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ពេញលេញ​និង​យ៉ាង​ឆាប់រហ័ស​មួយ​សម្រាប់ ... ប្រជាជន​ប្រេ​ស៊ី​ល។

កាសែត​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រធាន​ក្រុមហ៊ុន​វេច​ខ្ចប់​សាច់​ដែល​ល្បី​មួយ​បាន​ថត​សារ​សន្ទនា​របស់លោក​ជាមួយ​លោក Temer និង​បាន​បញ្ជូន​ខ្សែអាត់​សំឡេង​ទៅឱ្យ​តុលាការ​កំពូល។

លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា «នៅក្នុង​តុលាការ​កំពូល ខ្ញុំ​នឹង​បង្ហាញថា​ខ្ញុំ​មិនមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ព្រឹត្តិការណ៍​ទាំងនេះ​ទេ។ ខ្ញុំ​នឹងមិន​លាលែង​ពី​តំណែង។ ខ្ញុំ​ដឹង​ពីអ្វី​ដែល​ខ្ញុំ​បានធ្វើ ហើយ​ខ្ញុំ​បានដឹង​ពី​ភាពត្រឹមត្រូវ​នៃ​សកម្មភាព​របស់ខ្ញុំ»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក Edson Fachin ចៅក្រម​តុលាការ​កំពូល​ទទួលបន្ទុក​ការស៊ើបអង្កេត​អំពើពុករលួយ​ក្រុមហ៊ុន Petrobras បាន​បញ្ជា​ឱ្យធ្វើ​ការស៊ើបអង្កេត​មួយ​ចំពោះ​ករណី​លោក Temer។

គួរ​បញ្ជាក់ថា ទីផ្សារ​ភាគហ៊ុន​ប្រេ​ស៊ី​ល​បាន​ធ្លាក់ចុះ ១០ភាគរយ​ជាទូទៅ ហើយ​ភាគហ៊ុន​ក្រុមហ៊ុនធំៗ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដូចជា Petrobras និង Banco do Brasil ។

បន្ទាប់ពី​មានការ​បែកធ្លាយ​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​ពុធ​ក្រុមប្រឆាំង​បាន​អំពាវនាវ​ឱ្យ​លោក Temer លាលែង​ពី​តំណែង​របស់លោក។ ទន្ទឹមនឹង​នេះដែរ ប្រជាជន​ប្រេ​ស៊ី​ល​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​នៅ​ទីក្រុង Sao Paulo ដើម្បី​ទាមទារ​ឱ្យ​លោក Temer លាលែង​ពី​តំណែង ដោយបាន​ស្រែកថា« Fora Temer (Temer ចុះ​ចេញពី​តំណែង)» ៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១