ព័ត៌មានថ្មីបំផុត

ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​ថា មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គំរាម​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព ពិភពលោក តែ​កូរ៉េខាងជើង​ស្រាប់តែ​ប្រ​លយ​ពាក្យ​ថា មី​ស៊ី​ល​ខ្លួន​ជាការ​ចូលរួម​រក្សា​សន្តិភាព​ក្នុង​តំបន់

ដោយ: ANN ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧ 6,898
នយោបាយ
ANN ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​ថា មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គំរាម​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព ពិភពលោក តែ​កូរ៉េខាងជើង​ស្រាប់តែ​ប្រ​លយ​ពាក្យ​ថា មី​ស៊ី​ល​ខ្លួន​ជាការ​ចូលរួម​រក្សា​សន្តិភាព​ក្នុង​តំបន់

សារ​ព័ត​មាន​យុន​ហាប​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៧ ឧសភា ២០១៧នេះ​ថា ប្រធានាធិបតី​ទើប​ស្បថ​ចូលកាន់​តំណែង​របស់​កូរ៉េខាងត្បូង​បានចាត់ទុក​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​ពិភពលោក ដែល​មិនគួរ​អត់ឱន​ឱ្យ​ជាដាច់ខាត។ ប៉ុន្តែ​មុននេះ​បន្តិច សា​ព័ត​មាន​ហ្ស៊ី​ន​ហួរ​បានចេញ​ផ្សាយ​ពី​ការអះអាង​ពី​ភាគី​កូរ៉េខាងជើង​ថា ការធ្វើ​តេស្ត​បាញ់​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​នាពេលថ្មីៗនេះ​ថា គ្រាន់តែ​ជាការ​អនុវត្តន៍ធម្មតាៗ ដើម្បី​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ សម្រាប់​ស្វ័យការពារ​ប៉ុណ្ណោះ ហើយ​បាន​ទាត់ចោល​សេចក្តីថ្លែងការណ៍​ថ្កោលទោស​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ថែម​ទៀតផង។

លោក មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ក្នុងឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ក្រសួងការពារជាតិ ក្នុង​ទីក្រុង​សេ​អ៊ូ​ល បាន​ថ្លែងថា កូរ៉េខាងជើង​បានធ្វើ​តេស្ដ​មី​ស៊ី​ល​កាលពី ០៤ថ្ងៃមុន និង​ថែមទាំង​អះអាងថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម​នេះ ទទួលបាន​ជោគជ័យ​ហើយ​ការ​ការបាញ់​សាកល្បង​នេះ ជា​ទង្វើ​រំលោភ​លើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ UN ព្រមទាំង​បង្ក​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់ សន្តិភាព ស្ថេរភាព និង​សន្តិសុខ​ពិភពលោក ហើយ​ទង្វើ​បែបនេះ មិនគួរ​ត្រូវបាន​អត់ឱន​ឱ្យ​ជាដាច់ខាត។

ផ្ទុយ​មកវិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ថ្លែងថា ការធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម Hwasong-12 ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ធានា​រក្សា​សន្តិភាព ក៏ដូចជា​ស្ថិរភាព​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​ទាំងមូល៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១