ព័ត៌មានថ្មីបំផុត

ពលរដ្ឋ​១០០​នាក់ ផ្តុំគ្នា​មុខ​សាលាឃុំ ស្នើរ​ដល់​សម្តេច​តេ​ជោ ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

ដោយ: ឌឹម សឿន ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 201,005
សន្តិសុខសង្គម
ANN ពលរដ្ឋ​១០០​នាក់ ផ្តុំគ្នា​មុខ​សាលាឃុំ ស្នើរ​ដល់​សម្តេច​តេ​ជោ ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ២០១៧ ពលរដ្ឋ​ឃុំ​ចុង​ផ្លាស់​ជាង​១០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាឃុំ ដើម្បី​ស្នើរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពួកគាត់ កំពុងមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស​របស់​ចិន​ឈ្មោះ រ៉ុង ឆេង លើដី​សហគម​ន៏​សិប្បករ​រ៉ែ​ចុង​ផ្លាស់​។​


​តំណាង​ប្រជា​សហគម​ន៏​លោក ពៅ សាវ៉ាត បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្ទើរ​ទាំងស្រុង​បាន​ពឹងផ្អែក​ទៅលើ​មុខរបរ​រក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ តាំងពីដើម​រៀងមក​។ ហើយ​ការធ្វើសកម្មភាព​ជីក​រក​រ៉ែ​មាស​របស់​អ្នកភូមិ ក៏​រកបាន​កាន់តែ​ខ្សត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ត្បិត​ពួកគាត់​មិនមាន​ប្រើប្រាស់​សម្ភារៈ​សម័យ​ទំនើប​នោះទេ​។​


​តំណាង​ប្រជាពលរដ្ឋ​បាន​បន្តថា កាលពី​ឆ្នាំ​២០០០ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​រ៉ុង ឆេង បាន​ចូលទៅ​សិក្សា​ស្វែងរក​តំបន់​រ៉ែ​មាស ក្នុង​ឃុំ​ចុង​ផ្លាស់ ដែលមាន​ប្រជាពលរដ្ឋ​កំពុង​ប្រកប​របរ​នេះ​ប្រចាំថ្ងៃ​។​ដើម្បី​ជៀសវាង​បញ្ហា​ទៅ​ថ្ងៃក្រោយ ក្រុមមន្ត្រី​ជំនាញ​រ៉ែ​ក៏​សម្រេច​កាត់​ដី​ទំហំ​៤៣​ហិច​តា​ទុកជា​សម្បត្តិ​រួម​របស់​សហគម​ន៏ ដោយ​ក្រុមហ៊ុន​បានទទួល​សិ​ទ្ឋ​សិក្សា​រុករក​រ៉ែ​មាស​លើ​ផ្ទៃដី​ទំហំ​ជាង​២ ០០០​ហិចតា​។​


​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាងថា ទោះ​ក្រុមហ៊ុន រ៉ុង ឆេង ទទួលបាន​ផ្ទៃដី​វិនិយោគ​រ៉ែ​មាស​ចំនួន​ជាង​២​ពាន់​ហិច​តា​ក៏ដោយ ក្រុមហ៊ុន​នេះ​នៅ​មិន​អស់ចិត្ត បាន​បំពាន​ដល់​ដី​របស់​សហគម​ន៏​ថែមទៀត ដោយបាន​បង្ករ​ជម្លោះ​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ​មកហើយ​។​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បាន​ជីក​លុង​អណ្តូង​ក្រោម​ដី ប៉ះ​រណ្តៅ​រ៉ែ​របស់​ប្រជាជន​ចំនួន​៤​រណ្តៅ ដែល​នៅ​ជិត​ព្រំដី​របស់​ក្រុមហ៊ុន​។​


​យោងតាម​ការអះអាងរ​បស់​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន រ៉ុង ឆេង មាន​ត្រឹម​ច្បាប់​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​ប៉ុណ្ណោះ ប៉ុន្តែ​កន្លងមក​ក្រុមហ៊ុន​បាន​ដឹក​រ៉ែ​ចេញ រាប់រយ​តោន​ទៅ​ហើយដោយ​មិនមាន​អាជ្ញាធរ ឬ​ជំនាញ​ពាក់​ព័​ន្ឋ​ណា​អើត​ពើ​ឡើយ​។​


ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ស្នើរ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរា​គម​ន៏​បញ្ចប់​ជម្លោះ​របស់​អ្នកភូមិ​នឹង​ក្រុមហ៊ុន បាន​សំនូមពរ​ដល់​សម្តេច​ជួយ​អនុញ្ញាត​ដល់​ពួកគាត់​អាចធ្វើ​ទៅតាម​ល​ទ្ឋិ​ភាព លើ​ការជីក​រណ្តៅ​រ៉ែ ព្រោះ​ក្នុង​ច្បាប់​របស់​សហគម​ន៏​អនុញ្ញាត​ឲ្យ​ម្ចាស់​រណ្តៅ​រ៉ែ​ទាំងអស់​អាច​ជីក​រក​រ៉ែ​ត្រឹម​ជម្រៅ​២០​ម៉ែត្រ​ប៉ុណ្ណោះ​។​​សព្វថ្ងៃ​ជម្រៅ​ប៉ុណ្ណឹង​គឺ​ជីក​មិនទាន់​ដល់​ថ្ម​រ៉ែ​នោះទេ មូលហេតុ​នេះហើយ​បានជា​ពួកគាត់​ស្នើរ​ដល់​សម្តេច​តេ​ជោ ជួយ​ឲ្យ​ពួកគាត់​ធ្វើទៅ​តា​មល​ទ្ឋិ​ភាព​ដែល​ប្រជាពលរដ្ឋ​អាចធ្វើ​បាន​។​


មន្ត្រី​ជំនាញ​រ៉ែ នឹង​ថាមពល បាន​ថ្លែងថា ដើម្បី​ជៀសវាង​សកម្មភាព​ជីក​រ៉ែ​បែប​អនាធិបតេយ្យ​ទើប​ក្រសួង​សម្រេច​បង្កើតជា​សហគម​ន៏​សិប្បករ​រ៉ែ​មាស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ស្របច្បាប់​។​


​មន្ត្រី​ក្រសួង​រ៉ែ ក៏បាន​បញ្ជាក់ថា តាមច្បាប់​របស់​ក្រសួង​គឺ​សហគម​ន៏​រ៉ែ​មាស មិនអាច​ជីក​លើសពី​ជម្រៅ​២០​ម៉ែត្រ នោះទេ​។


​យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​រ៉ុង ឆេង បាន​នៅឡើយ​កាលពី​ព្រឹក​ថ្ងៃទី​២០ កក្កដា ២០១៧៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១