ព័ត៌មានថ្មីបំផុត

រថយន្ត​តួ​រី​ស​ជាច្រើន​គ្រឿង កំពុង​ត្រៀម​ដឹកឈើ​ពី​ឃ្លាំង​ដ៏​ធំ​មួយ​នៅ​ក្រុង​បាន​លុង ទៅកាន់​ប្រទេស​វៀតណាម​

ដោយ: នាងខ្មៅ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 108,308
សន្តិសុខសង្គម
ANN រថយន្ត​តួ​រី​ស​ជាច្រើន​គ្រឿង កំពុង​ត្រៀម​ដឹកឈើ​ពី​ឃ្លាំង​ដ៏​ធំ​មួយ​នៅ​ក្រុង​បាន​លុង ទៅកាន់​ប្រទេស​វៀតណាម​

ខេត្តរតនគិរី ៖ ​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ម៉ោង​មុននេះ រថយន្ត​តួ​រី​ស​ជាច្រើន​គ្រឿង កំពុងតែ​ចូលទៅ​កាន់​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដើម្បី​ត្រៀម​ដឹកឈើ​យកទៅ​កាន់​ប្រទេស​វៀតណាម​។​


​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នោះ ត្រូវបាន​គេ​បញ្ជាក់ថា គឺជា​របស់​ឈ្មួញ​ដែលមាន​ឈ្មោះ ហួ​វ ជី​វ៉ៃ ហៅ​វ៉ៃ និង​ម្នាក់ទៀត​ឈ្មោះ ណាក់ ដែល​គេ​ដឹងថា គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​នេះ​តែម្តង​។​


​សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់ថា ឈើ​ត្រូវបាន​គេ​លាក់ទុក​នៅក្នុង​ឃ្លាំង​នោះ ហើយ​តែងតែ​លួច​ដឹក​តាម​រថយន្ត​ទៅកាន់​ប្រទេស​វៀតណាម ប៉ុន្តែ​ដោយសារតែ​ពិធី​សម្ពោធ​ច្រកព្រំដែន​អូរ​យ៉ា​ដាវ កាលពី​ថ្ងៃ​ម្សិលមិញ បានធ្វើ​ឲ្យ​ឈើ​ត្រូវ​កកស្ទះ​នៅក្នុង​ឃ្លាំង​នោះ ទើប​នៅថ្ងៃនេះ គេ​ឃើញ​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង ចូលទៅ​ដឹក​ដើម្បី​នាំចេញ​។​


​លោក ហួត បូរី អធិការ​ក្រុង​បាន​លុង បាន​ថ្លែងថា លោក​អត់​បានដឹង​ពី​ករណីនេះ​ទេ ហើយ​ពេលនេះ លោក​កំពុង​រៀបចំ​កម្លាំង​ចុះទៅ​ឃ្លាំង​ស្តុក​ឈើ ដែល​នៅ​ភូមិ​អភិវឌ្ឍន៍​នោះ​តែម្តង​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១