ព័ត៌មានថ្មីបំផុត

លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ថ្លែង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល២០១៧

ដោយ: ANN ថ្ងៃសៅរ៌ ទី៣១ ខែធ្នូ ឆ្នាំ២០១៦ 9,894
នយោបាយ
ANN លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ថ្លែង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល២០១៧

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថី្ម​ឆ្នាំ​សកល២០១៧ជិត​ឈានចូល​មកដល់ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ឆ្លង​តាមរយៈ​វិទ្យុ​អន្តរ​ជាតិចិន វិទ្យុ​ប្រជាជន​មជ្ឈិម​ចិន ស្ថានីយទូរទស្សន៍​មជ្ឈិម​ចិន បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ី​ធឺ​ណែ​ត​ដើម្បី​ថ្លែង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល២០១៧។សុន្ទរកថា​ជូនពរ​មាន​ខ្លឹមសារ​ដូចតទៅ៖
អស់លោក លោកស្រី​និង​មិត្ត​ភ​កិ្ត​គ្រប់រូប៖
ឆ្នាំ ២០១៦ ជិត​នឹង​កន្លងផុត​ទៅហើយ ស្នូរ​ជួង​ឆ្នាំ​ថ្មី​នឹង​បន្លឺឡើង។ ក្នុងខណៈ​ពេលដែល​យើងទាំងអស់គ្នា​លា​ឆ្នាំ​ចាស់​និង​ទទួល​អបអរ​ឆ្នាំ​ថី្ម ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថី្ម​យ៉ាង​ស្មោះ​ចំពោះ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំងប្រទេស​ចិន ជនរួមជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ា​កាវ ជនរួមជាតិ​តៃវ៉ាន់​និង​អាណិកជន​ចិន​នៅ​ឯនាយសមុទ្រ ព្រម​និង​មិត្តភក្តិ​ទាំងឡាយ​ដែល​រស់នៅ​គ្រប់​តំបន់​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក !
និយាយ​ចំពោះ​ប្រជាជន​ចិន ឆ្នាំ ២០១៦ គឺជា​ឆ្នាំ​មិនធម្មតា​មួយ ហើយក៏​ជា​ឆ្នាំ​មួយ​ដែល​មិនអាច​បំភ្លេចបាន ដោយឡែក​ផែនការអភិវឌ្ឍន៍​ជាតិ៥ឆ្នាំ​ទី ១៣ ក៏មាន​ការចាប់ផ្តើម​ដ៏​ល្អប្រសើរ​ផងដែរ ។ យើង​បាន​សកម្ម​អនុវត្ត​ទស្សនៈ​អភិវឌ្ឍន៍​បែប​ថី្ម ព​ន្លឿ​ន​ដំណើរ​កសាង​សង្គម​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ ជំរុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​បន្ត​ឈរ​នៅ​លំដាប់​នាំមុខ​នៅលើ​ពិភពលោក​តទៅទៀត ។ យើងទាំងអស់គ្នា​សកម្ម​ជំរុញ​ឲ្យ​កំណែទម្រង់​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​កំណែទម្រង់​ផ្នែក​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់​បោះជំហាន​ដ៏​សំខាន់​មួយ ការកែទម្រង់​ខាង​កិច្ច​ការពារជាតិ​និង​កងទ័ព​ទទួលបាន​កា​រ​វាយ​ទម្លុះ​ដ៏​ធំ​និង​សំខាន់ ក្របខ័ណ្ឌ​សំខាន់​នៃ​ការកែទម្រង់​លើ​វិស័យ​នានា​ដែល​ត្រូវបាន​ទ្រទ្រង់​ដោយ​ធ្នឹម​និង​សសរទ្រូង​បាន​បង្កើតជា​មូលដ្ឋាន​រួចហើយ ។ យើង​សកម្ម​ជំរុញ​អភិបាលកិច្ច​តាម​នីតិរដ្ឋ​ដោយ​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​មាន​ភាព​កាន់តែ​ស៊ីជម្រៅ ជំរុញ​ភាពយុត្តិធម៌​ផ្នែក​ច្បាប់​ដោយ​ពេញទំហឹង គាំពារ​សមភាព​និង​យុត្តិធម៌​ក្នុងសង្គម ។ យើង​សកម្ម​ជំរុញ​ការគ្រប់គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង ប្រកាន់ខ្ជាប់​មិន​ងាករេ​នូវ​ការ​ប្រឆាំងនឹង​អំពើពុករលួយ មិន​ថា​មន្ត្រី​តូច​ឬ​ធំ ឲ្យ​តែ​ប្រព្រឹត្តិ​អំពើពុករលួយ គឺ​ត្រូវ​ដាក់ទោស​តាមច្បាប់ បន្តធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​មាន​ភាព​ស្អាតស្អំ ក៏ដូចជា​បន្តធ្វើ​ឲ្យ​ឥរិយាបថ​របស់​បក្ស ឥរិយាបថ​នយោបាយ និង​ឥរិយាបថ​សង្គម​ត្រូវបាន​កែលំអ​តទៅទៀត ។
នៅ​ឆ្នាំ២០១៦ កែវយឹត​យក្ស​FAST ជា​កែវយឹត​អវកាស​បាន​កសាង​រួច ផ្កាយរណប​WuKong បានធ្វើ​ដំណើរ​ក្នុង​តារាវិថី​អស់​ពេល​មួយឆ្នាំ ផ្កាយរណប​Mo Zi បាន​ត្រូវ​បង្ហោះ​ឡើងទៅ​កាន់​ទី​អវកាស យានអវកាស​Shen Zhou លេខ១១និង​យានអវកាស​Tian Gong លេខ ២ កំពុង​ហោះហើរ​នៅក្នុង​លំហ​អវកាស កីឡាករ​ប្រទេស​ចិន​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​រី​យ៉ូ ក្រុម​បាល់ទះ​ស្ត្រី​នៃ​ប្រទេស​ចិន​បាន​ឈរលើ​វេទិកា​ផ្តល់រ​ង្វាន់​ខ្ពស់បំផុត​នៃ​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​បន្ទាប់ពី​ឃ្លាត​អស់១២ ឆ្នាំ…តាមរយៈ ការកែទម្រង់ អ្នកក្រុង​ដែល​មកពី​ទីជនបទ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ លក្ខខណ្ឌ​ទទួលបាន​ការអប់រំរ​បស់​កុមារ​នៅ​តំបន់​ក្រីក្រ​ជាច្រើន​បាន​មាន​ភាព​កាន់តែ​ល្អប្រសើរ ពលរដ្ឋ​ទូទៅ​អាចធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​តំបន់​ក្រៅ​ដោយ​មិនបាច់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ មនុស្ស​មួយចំនួន​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​ក្នុង​រយៈពេល​យូរ​អាច​ចុះឈ្មោះ​សុំ​ធ្វើ​អត្ត​ស​ញ្ញណ​ប័ណ្ណ​ថ្មី ប្រជាជន​ជាច្រើន​មាន​គ្រូពេទ្យ​ប្រចាំ​គ្រួសារ ទឹកទន្លេនីមួយៗសុទ្ធ​តែមាន​អ្នក​អភិរក្ស…ប្រការ​ទាំងនេះ​ញ៉ាំង​ឲ្យ​យើងខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក។
ឆ្នាំ ២០១៦ នៅក្បែរ​បឹង Xi Zi ដែលមាន​ទេសភាព​ដ៏​ស្រស់ស្អាត ប្រទេស​ចិន​បានរៀបចំ​ស​និ្ន​សីទ​កំពូល​លើក​ទី ១១របស់​អ្នកដឹកនាំ​នៃ​ប្រទេស​G២០ ដែលជា​ការរួមចំណែក​នូវ​តម្រិះ​ប្រាជ្ញា​របស់​ប្រទេស​ចិន​និង​ការគ្រោង​ផែនការអភិវឌ្ឍន៍​រប​ស់​ប្រទេស​ចិន​ចំពោះ​ពិភពលោក ហើយក៏​បានបង្ហាញ​ពី​រូបភាព​ប្រទេស​ចិន​ព្រម​និង​ស្មារតី​និង​ឥរិយាបថ​ប្រទេស​ចិន​ទៅកាន់​ពិភពលោក​ផងដែរ។ កិច្ច​កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ត្រូវបាន​ព​ន្លឿ​ន​ជា​បន្តបន្ទាប់ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ យើងទាំងអស់គ្នា​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព គាំពារ​យ៉ាង​មុតមាំ​នូវ​បូរាណ​ភាព​ទឹកដី​ក៏ដូចជា​សិទ្ធិ​និង​ផលប្រយោជន៍​លើ​សមុទ្រ។ ប្រសិនបើ​បុគ្គល​ណា​បង្ករឿង​ក្នុង​បញ្ហា​នេះ នោះ​ប្រជាជន​ចិន​នឹងមិន​យល់ព្រម​ជាដាច់ខាត ។
ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ នៅ​តំបន់​ជាច្រើន​បានកើត​មាន​គ្រោះមហន្តរាយធម្មជាតិ​និង​ឧ​ប្ប​តិ្ត​ហេតុ​ផ្នែក​ស​និ្ត​សុខ ធ្វើ​ឲ្យ​សុវត្ថិភាព​ខាង​អាយុជីវិត​និង​ទ្រព្យសម្បតិ្ត​របស់​ប្រជាជន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ យើងខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង។ សមាជិក​ប៉ុន្មាន​រូប​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់​ប្រទេស​ចិន​បាន​ពលី​ជីវិត​ដែលជា​ការរួមចំណែក​ដ៏​ថ្លៃថ្លា​បំផុត​ដើម្បី​បុព្វហេតុ​សុខសន្តិភាព​របស់​ពិភពលោក យើងទាំងអស់គ្នា​សូម​រំលឹក​ដល់​គុណបំណាច់​របស់​ពួកគាត់ ហើយ​និង​ជួយ​ថែរក្សា​ក្រុមគ្រួសារ​របស់​ពួកគាត់​ឲ្យ​បានល្អ។
ឆ្នាំ ២០១៦ យើង​បាន​អបអរ​ខួប​ទី ៩៥ នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​ចិន​យ៉ាង​ឱឡារិក ព្រម​និង​រំលឹក​ខួប​ទី ៨០ នៃ​ការទទួលបាន​ជោគជ័យ​នៃ​មហា​ដំណើរ​របស់​កងទ័ព​បដិវត្តន៍​កម្មករ​និង​កសិករ​របស់​ប្រទេស​ចិន យើង​ត្រូវ​ចងចាំ​នូវ​គុណូបការៈ​របស់​បុព្វបុរស​ដែល​បានរួម​វិភាគទាន​យ៉ាង​ធំធេង​ដល់​ប្រជាជន​និង​ប្រជា​ជាតិចិន មិន​បំភ្លេច​គោលបំណង​ដើម និង​បោះជំហាន​ទៅ​មុខជា​បន្តទៀត ។
អស់លោក​លោកស្រី !
រឿងរ៉ាវ​ផ្លាស់​គ្នា​ឥតឈប់ឈរ រឿង​ថ្មី​កើត​ឡើងជា​បន្តបន្ទាប់។ក្នុង​ឆ្នាំ ២០១៧ ដែល​ជិត​ឈានចូល​មកដល់​នេះ បក្សកុម្មុយនិស្ត​ចិន​នឹង​បើក​ធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩ កសាង​សង្គម​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​ការកែទម្រង់​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​និង​គ្រប់​ជ្រុងជ្រោយ ជំរុញ​អភិបាលកិច្ច​តាម​នីតិរដ្ឋ​ដោយ​គ្រប់​ជ្រុងជ្រោយ បន្ត​គ្រប់គ្រង​គណបក្ស​យ៉ាង​ម៉ឺងម៉ាត់​និង​គ្រប់​ជ្រុងជ្រោយ ។ គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ទទួលបាន​សមិទ្ធផល​ដោយ​គ្មាន​ភាព​ឧស្សាហ៍​ព្យាយាម​នោះឡើយ មានតែ​ការខិតខំ​តស៊ូ​ទើប​អាច​សម្រេច​សុបិន​បាន ។
មិនអាច​បោះបង់ចោល​អ្ន​កណា​ម្នាក់​ក្នុង​ដំណើរ​កសាង​ជីវភាព​រស់នៅ​ដោយ​ភាព​ធូរធារ​នោះទេ ! ក្នុងអំឡុងពេល ១ ឆ្នាំ​កន្លងទៅនេះ មាន​អ្នកក្រីក្រ​ជាង ១០ លាន​នាក់​បាន​ដើរចេញ​ផុតពី​ភាពក្រីក្រ ។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​បុគ្គល​គ្រប់រូប​ដែល​បានធ្វើ​ការខិតខំ​តស៊ូ​ក្នុង​វិស័យសំខាន់ៗសម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ។ ក្នុងឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នេះ អ្នក​ដែល​ខ្ញុំ​នឹករលឹក​គឺ ប្រជាជន​ក្រីក្រ តើ​ពួកគាត់​មាន​អ្វី​ទទួលទាន​ឬ​អត់ មានការ​ស្នាក់នៅ​យ៉ាងណា អាច​ឆ្លង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​និង​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដោយ​ភាព​រីករាយ​ឬ​អត់ ? ខ្ញុំ​បានដឹង​ទៀតថា មាន​ប្រជាជន​មួយចំនួន​បាន​ប្រឈម​នឹង​ការលំបាក​មួយចំនួន​ក្នុង​ការរក​ការងារ​ធ្វើ ការអប់រំ​របស់​បុត្រ​ធីតា ការព្យាបាល​ជំងឺ និង​លំនៅដ្ឋាន​ជាដើម ការដោះស្រាយ​បញ្ហា​ទាំងនេះ​ជា​បន្តបន្ទាប់​ជា​កាតព្វកិច្ច​ដែល​មិនអាច​គេចវេះ​បាន​របស់​បក្ស​និង​រដ្ឋាភិបាល ។ គណបក្ស​ទាំងមូល​និង​សង្គម​ទាំងមូល​ត្រូវ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​និង​ផ្តល់​ការជួយជ្រោមជ្រែង​ដល់​អ្នកក្រីក្រ​និង​ប្រជាជន​ដែលមាន​ការលំបាក ដើម្បី​ញ៉ាំង​ឲ្យ​សមិទ្ធផល​នៃ​ការកែទម្រង់​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កាន់តែច្រើន និង​ញ៉ាំង​ឲ្យ​ប្រជាជនមាន​ជីវភាព​រស់នៅ​កាន់តែ​ល្អ​បវរ​និង​ប្រកបដោយ​សេចក្តីសុខ​សុភ
មង្គល។
រួមចិត្ត​រួម​ថ្លើម​តែមួយ​នឹង​អាច​ទទួលបាន​ជោគជ័យ ។ ឲ្យ​តែ​ប្រជាជន​ជាង ១៣០០ លាន​នាក់​អាច​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​និង​ពុះពារ​ឧបសគ្គ​ជាមួយគ្នា ឲ្យ​តែ​គណបក្ស​យើង​រួមចិត្តរួមគំនិត​គ្នា​ជាមួយ​ប្រជាជន​ជា​ដរាប ធ្វើ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា នោះ​យើង​ប្រាកដជា​អាចបង្កើត​ជាម​ហា​ដំណើរ​ជំនាន់​ថ្មី​បាន​យ៉ាង​ល្អប្រសើរ​ជាក់​ជាពុំខាន ។
អស់លោក​លោកស្រី !
ប្រជាជន​ចិន​ផ្តួចផ្តើម​ជាប់​រហូត​នូវ​ពិភពលោក​ដែលមាន​ភាពចុះ​សម្រុង​គ្នា ជា​មហា​គ្រួសារ​តែមួយ ។ ប្រជាជន​ចិន​មិន​គ្រាន់តែ​សង្ឃឹមថា​ជីវភាព​រស់នៅ​របស់ខ្លួន​មាន​ភាពល្អប្រសើរ​ប៉ុណ្ណោះ​ទេ ហើយក៏​សង្ឃឹម​ដែរ​ថា ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​លើ​លោក​មាន​ជីវភាព​រស់នៅ​ដ៏​ល្អប្រសើរ​ផងដែរ ។ បច្ចុប្បន្ន សង្គ្រាមរ៉ាំរ៉ៃ​និង​ភាពក្រីក្រ​នៅតែ​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​ប្រទេស​និង​តំបន់​មួយចំនួន ហើយ​ជំងឺ​និង​គ្រោះមហន្តរាយធម្មជាតិ​ក៏​វាយប្រហារ​ទៅលើ​ប្រជាជន​ជាច្រើន​ផងដែរ ។ ខ្ញុំ​សង្ឃឹម​ដោយស្មោះ​ថា សហគមន៍​អន្តរជាតិ​អាច​ប្រកៀក​ស្មា​គ្នា ប្រកាន់ខ្ជាប់​ទស្សនៈ​អំពី​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ ដើម្បី​កសាង​ភពផែនដី​យើង​ឲ្យ​កាន់​តែមាន​សុខសន្តិភាព​និង​រុងរឿង​ថ្កុំថ្កើង ។
សូម​យើង​នាំគ្នា​ស្តាប់​សំឡេង​ជួង​ឆ្នាំ​ថ្មី​ប្រកបដោយ​ទំនុកចិត្ត​និង​ការរំពឹងទុក !
សូម​អរគុណ !
ប្រិយមិត្ត​ជាទី​មេត្រី លោកអ្នក​ទើបបាន​ស្តាប់​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល២០១៧របស់លោក​ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​ថ្លែង​មុនពេល​ចូលឆ្នាំថ្មី​ឆ្នាំ​សកល និង​ផ្សាយ​តាម​វិទ្យុ​អន្តរ​ជាតិចិន វិទ្យុ​ប្រជាជន​មជ្ឈិម​ចិន ស្ថានីយទូរទស្សន៍​មជ្ឈិម​ចិន បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ។ សូម​អរគុណ​ការតាមដាន​ស្តាប់​របស់លោក​អ្នក ! ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១