ព័ត៌មានថ្មីបំផុត

ឯកឧត្តម ជា សុផារ៉ា ចុះ​ពិនិត្យ​ផលប៉ះពាល់​អាងទឹក​អូរ​ខៃ​ដន​លើដី​ស្រែ​ពលរដ្ឋ​

ដោយ: សម្បត្តិ សីហា​ និង ម៉ា សុភាព ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,299
សន្តិសុខសង្គម
ANN ឯកឧត្តម ជា សុផារ៉ា ចុះ​ពិនិត្យ​ផលប៉ះពាល់​អាងទឹក​អូរ​ខៃ​ដន​លើដី​ស្រែ​ពលរដ្ឋ​

​បន្ទាយមានជ័យ​៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី និង​នគររូបនីយ៍កម្ម​និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះ​ពិនិត្យ​ផលប៉ះពាល់​នៃ​អាង​ទឹកអូរ​ខៃ​ដន លើដី​ស្រែ​របស់​ពលរដ្ឋ​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​


​ការចុះ​ត្រួតពិនិត្យ​នេះ មានការ​ចូលរួម​ពី​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្ត ប្រធាន​មន្ទីរជំនាញ​សុរិយោដី​ខេត្ត​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មានការ​ចូលរួម​ពី​លោក​ឧក​ញា កុក អាន ដែលជា​ម្ចាស់​អាងទឹក​អូរ​ខៃ​ដន​។​


​ការចុះ​ត្រួតពិនិត្យ​ផលប៉ះពាល់​នៃ​អាងទឹក​អូរ​ខៃ​ដន​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើនលើក ជាពិសេស​នៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​អាងទឹក​អូរ​ខៃ​ដន បានធ្វើ​ការតវ៉ា​និង​ប្តឹងទៅ​អាជ្ញាធរ គ្រប់​រូបភាព ដោយសារតែ​ក្រុមហ៊ុន អាន​កូ បាន​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​ដោយ​មិន​យក​ផ្លូវ​ចាស់​ជា​ខ្នង​អាង បណ្តាល​ឲ្យ​ប៉ះពាល់​ចូល​ដី​របស់​ពួកគាត់ ហើយ​ការតវ៉ា​របស់​ពួកគាត់​បានត្រឹមតែ​តវ៉ា មិនមាន​ការដោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន និង អាជ្ញាធរ សមត្ថកិច្ច​ណា​ចុះ​អន្តរា​គម​ន៏​ឡើយ​។​

​មិន​ថែម​តែប៉ុណ្ណោះ កន្លងមក​ក្នុង​វេទិការ​សាធារណៈ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ និង​ក្រុមប្រឹក្សា​ខេត្ត គឺ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​ដែនដី ក្នុងស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​នោះ បាន​លើកឡើងថា ខែប្រាំង​គ្មាន​ទឹក ខែវស្សា​ជន​លិច ដែល​បណ្តាលមកពី​ការធ្វើ​អាង​ស្តុ​ប​ទឹកអូរ​ខៃ​ដន​នេះ​តែម្តង ។​


​ក្នុង​ការចុះពិនិត្យ​នេះ​ផងដែរ គេ​ឃើញ​មាន​វត្តមាន​ខាង​ក្រុមហ៊ុន​កាស៊ីណូ ត្រូពិច​កា​ណា ស្នើ​ដល់​រដ្ឋមន្ត្រី ជា សុផារ៉ា ពី​បញ្ហា​អាងទឹក​អូរ​ខៃ​ដន បាន​ជន​លិច​ដី​របស់​ក្រុមហ៊ុន​៥១៨​ហិច​តា ដោយ​ស្នើ​ឲ្យ​លោក ឧក​ញា កុក អាន ធ្វើ​ព្រំប្រទល់​ជា​ខ្នង​អាង​ដើម្បី​កុំ​ឲ្យ​ទឹក​ជន​លិច​មកលើ​ដី​ខ្លួន ។​

​ឧក​ញា កុក អាន បាន​ធានាថា នឹង​ចាក់ដី​ធ្វើ​ព្រំប្រទល់​មិន​ឲ្យ​ទឹក​ហ៊ា​ជន​លិច​ទៅខាង​ក្រុម ត្រូពិច​កា​ណា នៅ​ខែប្រាំង ។ 
​ដំណើរ​ការចុះ​ត្រួតពិនិត្យ​នេះ ពុំ​ឃើញ​មាន​វត្តមាន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ មក​ធ្វើការ​ប្តឹងផ្តល់ ឬ​សុំ​អន្តរាគមន៍ ពី​ឯកឧត្តម ជា សុផារ៉ា នោះទេ ។​

​ជាមួយគ្នា ឯកឧត្តម ជា សុផារ៉ា ក៏​ពុំបាន​ផ្តល់​បទ​សម្ភាស​ដ​ល់​អ្នក​សារ​ព័​ត៍​មាន ឬ​បង្ហើប​ពី​ព័​ត៍​មាន​ជុំវិញ ការចុះពិនិត្យ​អាងទឹក​អូរ​ខៃ​ដន​នេះដែរ ។ តែ​ទោះជា​យ៉ាង​ក៏ដោយ ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​អាងទឹក​អូរ​ខៃ​ដន នេះ សង្ឃឹម​យ៉ាង​មុតមាំ​ង ទៅលើ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ដោះស្រាយ​បញ្ហា​អាងទឹក​អូរ​ខៃ​ដន​ជូន​ពួកគាត់​បាន​។​

​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការចុះពិនិត្យ​ផ្ទា​ល់ពី​សំណាក់​ឯកឧត្តម ជា សុផារ៉ា គឺ​ដើម្បី​ពិនិត្យ​ផល​ប៉ះ​របស់​អាងទឹក​អូរ​ខៃ​ដន​ទៅលើ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដោយ​ក្នុងនោះ ឯកឧត្តម​អោយ​ក្រុមហ៊ុន​របស់លោក​ឧក​ញ្ញា កុក អាន ធ្វើ​ទំនុប​ទុបទឹក​កុំអោយ​ជន​លិច​ដល់​ដី​ពលរដ្ឋ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១