ព័ត៌មានថ្មីបំផុត

ក្រុមចោរប្លន់​កាំភ្លើង​អាកា ជា​អតីត​អ្នកទោស​ទើប​ចេញពី​គុក

ដោយ: ឡុក សំរិត ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,578
សន្តិសុខសង្គម
ANN ក្រុមចោរប្លន់​កាំភ្លើង​អាកា ជា​អតីត​អ្នកទោស​ទើប​ចេញពី​គុក

រាជធានី​ភ្នំពេញ​៖ បើ​យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ជន​ត្រូវ​ចោទ​ជា​ក្រុមចោរប្លន់​កាំភ្លើង​អាកា ចំនួន​៥​នាក់ ក្នុងចំណោម​៨​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ គឺជា​អតីត​អ្នកទោស​ដែល​ទើបតែ​ចេញពី​គុក​បាន​៣​ខែ ពាក់ព័ន្ធ​បទល្មើស​ប្លន់​ដូចគ្នា​។

​សមត្ថកិច្ច​បញ្ជាក់ថា ក្រុម​ជន​ត្រូវ​ចោទ​បាន​សារភាពថា រាល់ពេល​ប្លន់​ម្តងៗ​ពួកគេ​តែងតែ​បាញ់សម្លាប់​ជនរងគ្រោះ​ណា​ដែរ​ហ៊ាន​តមាត់ ឬ​រឹង​រួស​មិន​ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​ពួកគេ​ដោយ​ស្រួលៗ​។ ពេល​ពួកគេ​ប្លន់ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​រួច ពួកគេ​ដើរទៅ​ចាំ​គ្នីគ្នា​មក​ទទួល​នៅ​ម្តុំ​ផ្លូវជាតិ​លេខ​៥១ នា​ខេត្តកំពង់ស្ពឺ និង​សម្រាក​នៅ​ខេត្តកំពង់ស្ពឺ​នៅពេល​ថ្ងៃ ដល់ពេល​យប់​បាន​ត្រលប់មក​ភ្នំពេញ​វិញ​។​

​សូមបញ្ជាក់ថា នៅ​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នេះ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ ជា​ក្រុមចោរប្លន់​កាំភ្លើង​អាកា​ទាំង​៨​នាក់​នោះ​ហើយ ក្រោយពី​លោកស្រី កែវ សុគន្ធា តំណាង​អយ្យការ​បាន​ថ្លែងថា លោកស្រី​បានសម្រេច​ចោទ​ជនសង្ស័យ​ចំនួន​៨​នាក់ រួមមាន​៖ ១-​ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ២-​ឈ្មោះ សាត ធី​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​តា​នាង ឃុំ​កែ​ស្រទាប់ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​, ៣-​ឈ្មោះ ស្វាយ តាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​រាម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​, ៤-​ឈ្មោះ សួន ប៊ុន​ធឿ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ដ៊ំ​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​, ៥-​ឈ្មោះ អឿន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ៦-​ឈ្មោះ មាស ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ប្រសប់​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​, ៧-​ឈ្មោះ សួង ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​រកា ឃុំ​ស្អាង​លើ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​, និង​៨-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ពួកគេ​ទាំង​៨​នាក់​ខាងលើ ជាប់ចោទ​ពីបទ​ប៉ុនប៉ង​លួច យោងតាម​មាត្រា​២៧ មាត្រា​៣៥៣ មាត្រា​៣៥៧ និង​បទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ​ភាព​នៃ​ជនរងគ្រោះ យោងតាម​មាត្រា ៣៦០ នៃ​ក្រមព្រហ្មទណ្ឌ​។​ ​យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច ក្រៅពី​ជន​ត្រូវ​ចោទ​ចំនួន ៨​នាក់​ខាងលើ ដែល​ត្រូវ​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​នេះ នៅមាន​បក្ខពួក​ចំនួន ៣​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ទី​១.​ឈ្មោះ ភ័​ណ្ឌ ទី​២.​ឈ្មោះ រ៉ា និង​ទី​៣ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​គួររំលឹកថា ក្រម​ជនសង្ស័យ ៨​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់ បាញ់សម្លាប់​ម្ចាស់ផ្ទះ​លក់​ស្រូវ​មួយកន្លែង នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ក្រោយមក​ពួកគេ​បានរៀបចំ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វេ​លុយ​វី​ង នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ប៉ុន្តែ​មិនបាន​សម្រេច​ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែម្តង​។​

​នៅក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នោះ សមត្ថកិច្ច​ដកហូត​បា​ន កាំភ្លើង ម៉ាក​អាកា​៤៧ ចំនួន​៣​ដើម មាន​បង់​ចំនួន​៣​បង់ គ្រាប់​ចំនួន​៦១​គ្រាប់ ខោអាវ​ប៉ា​រ៉ា​ចំនួន​២ និង​សម្ភារ​មួយចំនួនទៀត​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១