ព័ត៌មានថ្មីបំផុត

តម្លៃ​ស្រូវ​ចាប់​ផ្តើមឡើង តែ​ទិន្នផល​ឆ្នាំនេះ​ថយចុះ​

ដោយ: យឺត ភារ៉ា ថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ 13,135
សេដ្ឋកិច្ច
ANN តម្លៃ​ស្រូវ​ចាប់​ផ្តើមឡើង តែ​ទិន្នផល​ឆ្នាំនេះ​ថយចុះ​

​ខេត្តព្រៃវែង​៖ ខណៈ​ប្រជាកសិករ​នៅ​ខេត្តព្រៃវែង​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ ដែល​ពួកគាត់​ធ្វើ​លើក​ទី​២​បណ្ដើៗ​នោះ គេ​សង្កេតឃើញថា តម្លៃ​របស់​ស្រូវ​បាន​ឡើង​ខ្ពស់​គួរសម ប៉ុន្តែ​សម្រាប់​ទិន្នផល​ដែល​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ប្រមូល​នៅ​ឆ្នាំនេះ គឺ​ថយចុះ​ជាង​ឆ្នាំមុន។​


​ប្រជាកសិករ​រស់នៅ​ឃុំ​កោះ​ចេក ស្រុក​ពាម​ជ័រ បានលើកឡើង​ដូចៗ​គ្នា​ថា រដូវវស្សា​នេះ​ពួកគាត់​ចាប់ផ្ដើម​ច្រូតកាត់​ស្រូវ​ជា​បណ្ដើៗ​ហើយ ប៉ុន្តែ​បាន​ផល​តិច​ជា​ឆ្នាំមុន​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។ ពួកគាត់​ថា ឆ្នាំមុនៗ​ពួកគាត់​ទទួលផល​បាន​៤​ទៅ​៦​តោន​ក្នុង​មួយ​ហិកតា តែ​ឆ្នាំនេះ​មួយ​ហិកតា​ទទួលផល​បានតែ​២​តោន​កន្លះ​ទៅ​៣​តោន​កន្លះ​ទេ​។ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​ស្រូវ​វិញ គឺ​ខ្ពស់ជាង​ឆ្នាំមុន ដោយ​មួយ​គីឡូក្រាម​លក់បាន​ចាប់ពី​៨៥០​រៀល​ទៅ​៩៥០​រៀល​តាម​ស្រូវ​សើម ឬ​ស្ងួត​ខណៈ​ឆ្នាំមុន​លក់បាន​តែ​៧០០​រៀល​ទៅ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ 


​បើតាម​លោក ម៉ិ​ល គី​រី មេឃុំ​កោះ​ចេក បាន​ឲ្យ​ដឹងថា ស្រូវ​ដែល​កសិករ​ធ្វើ​លើក​ទី​ពីរ​នៅ​ឆ្នាំនេះ មានការ​ថយចុះ​ដោយ​ទឹកភ្លៀង​ច្រើនពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ស្រូវ និង​មិនសូវ​ដាក់​គ្រាប់។​


​លោក សៅ ប្រ​សិ​ដ្ឋ អភិបាលស្រុក​ពាម​ជ័រ​បាន​ឲ្យ​ដឹងថា ទិន្នផល​ស្រូវ​ថយចុះ​នេះ មកពី​ភ្លៀង​ច្រើន​ចំពេល​ស្រូវ​ផើម​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មិនសូវ​ល្អជា​ហេតុ​ធ្វើ​ឲ្យ​ទិន្នផល​ថយចុះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១