ព័ត៌មានថ្មីបំផុត

ក្រុមហ៊ុន​សណ្តែក​ផ្កាយ ខ្មែរ​-​ថៃ បើកសម្ពោធ និង​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ រវាង​ក្រុមហ៊ុន​ទាំងពីរ​

ដោយ: រៀម សាលី ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ 13,436
សេដ្ឋកិច្ច
ANN ក្រុមហ៊ុន​សណ្តែក​ផ្កាយ ខ្មែរ​-​ថៃ បើកសម្ពោធ និង​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ រវាង​ក្រុមហ៊ុន​ទាំងពីរ​

​ខេត្តបាត់ដំបង​៖ ក្រុមហ៊ុន​សណ្តែក​ផ្កាយ អឹម​អិ​ល​អេ​ច ត្រេ​ឌី​ង និង​ក្រុមហ៊ុន​សណ្តែក​ផ្កាយ ដា​ណាយ ខម​ខាយ (​ខេ​ម​បូ​ឌា​) បាន​បើកសម្ពោធ និង​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន​ទាំងពីរ នៅ​ទីស្នាក់ការ នៃ​ខេត្តបាត់ដំបង​។​ ពិធី​នេះ​បានធ្វើ​ឡើង នៅ​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ  ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​។​

​លោក មិន លី​ហួរ អគ្គនាយក​ក្រុមហ៊ុន អឹម​អិ​ល​អេ​ច ត្រេ​ឌី​ង បាន​មានប្រសាសន៍ថា សណ្តែក​ផ្កាយ និង​ប្រេងសណ្តែក​ផ្កាយ គឺមាន​អត្ថប្រយោជន៍​ខ្លាំងណាស់ ប្រៀបបាន​នឹង​ឱសថ​ធម្មជាតិ​អច្ឆរិយ​ដ៏​ស័ក្តិសិទ្ធិ ដែល​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ ​ដូចជា​៖ លើសឈាម បេះដូង ទឹកនោមផ្អែម ទប់ស្កាត់​ជំងឺមហារីក  ទប់ស្កាត់​និង​ផ្សះ​ការ​រលាក​សន្លាក់ ក្រពះ ពោះវៀន ជំនួយ​ខួរក្បាល ប្រព័ន្ធ​ប្រសាទ ភ្នែក ស្បែក  សក់ ជាដើម​។​ល​។ ហើយ​វា​អាច​លាប​បំបាត់​ការឈឺ​ចុកចាប់​លើ​មុខរបួស នៅពេល​យើង​មុត​អំបែង​ដប មុត​ធ្មុង​ត្រី និង​សត្វ​ទិច​ឬ​ខាំ ក្នុង​រយៈពេល​ពី​៥ ទៅ​១០​នាទី​ផងដែរ​។​

​លោក ឌី​ណា ដា​ណាយ ខម​ខាយ​ឃឿន នាយក​ក្រុមហ៊ុន​ដា​ណាយ ខម​ខាយ  (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា  ខេត្តបាត់ដំបង គឺជា​ខេត្ត​មួយ​ល្អ​ជាងគេ​ទាំង​ដំណាំ​បន្លែ​ទូទៅ មិន​ថា​ដី មិន​ថា​បរិយាកាស ជា​ចំណុច​មួយ​ល្អ ដោយ​លោក​បាន​ចុះ​សិក្សា​ដាំ​ដំណាំ​ដោយផ្ទាល់​រយៈពេល​៤​ឆ្នាំ ដោយ​សណ្តែក​ផ្កាយ ត្រូវ​និង​ទឹកដី​ខេត្តបាត់ដំបង ហើយ​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ចំណូល​ចូល​កាន់តែច្រើន​។ សណ្តែក​ផ្កាយ មាន​ដើមកំណើត​៣​ពាន់​ឆ្នាំ មកហើយ​នៅ​ប្រទេស​ប៉េ​រូ ហើយ​ផលិតផល​ប្រេងសណ្តែក​ផ្កាយ កន្លងមក​ផលិត​នៅ​ប្រទេស​ប៉េ​រូ នៅ​ឆ្នាំ​២០១០ និង​ឈាន​ជើង​ចូល​ប្រទេស​ចិន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១២​។

​ផលិតផល​សណ្តែក​ផ្កាយ ខាង​ក្រុមហ៊ុន​យក​ទុកជា​គោល​មួយ ហើយ​អ្វីដែល​ល្អ គឺ​ក្រុមហ៊ុន​ខិតខំ​ជួយ​ពលរដ្ឋ​ក្នុង​ការដាំដុះ​ប្រមូល​ផល ដោយផ្ទាល់​ទៅតាម​បណ្តា​ខេត្ត​នីមួយៗ​ទូទាំង​២៥​ខេត្ត​ក្រុង និង​ចុះ​ធ្វើ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិនមាន​ឈ្មួញកណ្ដាល ដោយ​អ្នក​ដាំ អ្នកទិញ អ្នក​ផលិត​ជា​មនុស្ស​តែមួយ​។  ហើយ​ក្រុមហ៊ុន​រៀបចំ​ខាង​ជំនាញ ក្នុង​ការដាំដុះ​មកពី​ក្រៅប្រទេស និង​ក្នុងប្រទេស និង​ត្រូវការ​បុគ្គលិក​គ្រប់​វិស័យ គ្រប់ផ្នែក រាប់ម៉ឺន​នាក់ ដើម្បី​ជួយ​ពង្រីកពង្រឹង​ផ្នែក​កសិកម្ម ហើយនឹង​ផ្នែក​ទីផ្សារ និង​បច្ចេកទេស​ផ្សេងៗ​ផងដែរ​។

ឯកឧត្តម ច័ន្ទ សុផល ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង​ក្នុងនាម​ជា​អភិបាលខេត្ត​បាត់​ដំ​ង បានចាត់ទុក​សណ្តែក​ផ្កាយ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ថ្មី​។ ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ទៅដល់​ក្រុមហ៊ុន ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការដាំដុះ​ផលិត និង​វិច​ខ្ចប់​ចែកចាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​បានជ្រើសរើស​យក​ខេត្តបាត់ដំបង ជា​មជ្ឈមណ្ឌល​ជា​កន្លែង​ប្រមូលផ្តុំ​នៅ​ដំណាំ​សណ្តែក​ផ្កាយ និង​ដំណាំ​កសិផល​ផ្សេងៗ ជាការ​ត្រឹមត្រូវ​ដោយ​ខេត្តបាត់ដំបង​ដី មាន​ជីវជាតិ​និង​មាន​ប្រភពទឹក​ច្រើន​អាច​ឲ្យ​យើង​ដាំ​ដុះ​បាន​ដោយ​មិន​បារម្ភ​ការខ្វះខាត​ទឹក​ក្នុងការ​ស្រោ​យ​ស្រប​នោះទេ​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១