ព័ត៌មានថ្មីបំផុត

ក្រសួងពាណិជ្ជកម្ម តបត​ចំពោះ​ពាក្យរិះគន់ រឿង​មិន​ធ្វើការ បណ្ដោយ​ឲ្យ​កសិផល​គ្មាន​ទីផ្សារ

ដោយ: កែវ រំចង់ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ 13,756
សេដ្ឋកិច្ច
ANN ក្រសួងពាណិជ្ជកម្ម តបត​ចំពោះ​ពាក្យរិះគន់ រឿង​មិន​ធ្វើការ បណ្ដោយ​ឲ្យ​កសិផល​គ្មាន​ទីផ្សារ

​រាជធានី​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៥ កក្កដា ម្សិលមិញ បាន​តបត​ចំពោះ​ពាក្យរិះគន់​នានា ដែលថា ខ្លួន​មិនបាន​ធ្វើការ​អ្វី​ទាល់តែសោះ ទុក​បណ្ដែតបណ្ដោយ​ឲ្យ​មុខទំនិញ​កសិផល ធ្លាក់​ថោក ឬ​គ្មាន​ទីផ្សារ​។​

ក្រសួង​នេះ បានធ្វើការ​បកស្រាយ នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់ខ្លួន​ថា ក្រសួង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ដល់​ទំនិញ​កសិកម្ម ដូចជា​៖ ការចរចា​របើក​ទីផ្សារ​, ការ​ជម្រុញ​សកម្មភាព​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​, វិធានការ​សម្រាប់​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ទំនិញ​កសិផល និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សម្រាប់​សម្រួល​ដល់​ការនាំចេញ​ទំនិញ​កសិកម្ម ជាដើម​។​

​ការតបត​នេះ​របស់​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ត្អូញត្អែរ​យ៉ាង​ចម្រូងចម្រាស​ពី​ប្រជាកសិករ ដែលថា កសិផល​របស់​ពួកគាត់ ដូចជា​៖ ម្រេច ស្វាយ ដំឡូង កៅស៊ូ ..​។​ល​។ គ្មាន​ទីផ្សារ ដោយសារតែ​ក្រសួងពាណិជ្ជកម្ម ដែល​ទទួលខុសត្រូវ​ខាង​ទីផ្សារ​របស់​ប្រទេស មិន​ធ្វើការ ឬ​ងាប់​ត្រគាក​ស្ដូក​នោះ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១