ព័ត៌មានថ្មីបំផុត

ក្រុម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​កសិកម្ម បើក​កិច្ចពិភាក្សា ដើម្បី​ស្វែង​រកគ​ន្លិះ បង្កើន​សក្ដានុពល​ផ្នែក​កសិកម្ម​

ដោយ: ទេព មង្គល ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ 12,111
សេដ្ឋកិច្ច
ANN ក្រុម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​កសិកម្ម បើក​កិច្ចពិភាក្សា ដើម្បី​ស្វែង​រកគ​ន្លិះ បង្កើន​សក្ដានុពល​ផ្នែក​កសិកម្ម​

​រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​កសិកម្ម កាលពី​ថ្ងៃទី​៤ កក្កដា ម្សិលមិញ​បាន​ជួបពិភាក្សា​គ្នា​ក្រោម​ប្រធានបទ «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​» ដែល​និយាយ​សំដៅ ដល់​ការបង្កើន​សក្ដានុពល​ផ្នែក​កសិកម្ម ទាំង​បរិមាណ គុណភាព និង​ទីផ្សារ​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែលមាន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អធិបតី​នេះ មានការ​ចូលរួម ពី​សំណាក់​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ តំណាង​ស្ថានទូត​ចិន និង​អូស្ត្រាលី វិស័យ​ឯកជន សង្គម​ស៊ីវិល ស្ថាប័ន​ស្រាវជ្រាវ តំណាង​សហគមន៍​ដំណាំ​ស្រូវ ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយ សហគមន៍​ចិញ្ចឹម​ត្រី និង​ចិញ្ចឹម​ជ្រូក និង​តំណាង​កសិករ​គំរូ ព្រមទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ ដែល​កំពុងផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​កសិកម្ម​។​

​ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា រាជរដ្ឋាភិបាល​បាន​បង្កើន​កញ្ចប់​ថវិកា​រ សម្រាប់​ការចំណាយ​លើ​ក្រសួងកសិកម្ម ពី​ប្រមាណ ៣៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៣ រហូតដល់​ប្រមាណ ១០៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ឬ​ស្មើនឹង ០.៤៩% នៃ​GDP ដែល​តួលេខ​នេះ គឺ​ប្រហាក់ប្រហែលគ្នា នឹង​ប្រទេស​ក្នុង​តំបន់ (​វៀតណាម ០.២៤ នៃ GDP និង​ចិន ០.៦១ នៃ​GDP)​។​

​ជា​លទ្ធផល កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នោះ បានកំណត់​នូវ​យុទ្ធសាស្ត្រ​ចំនួន ៣​ចំណុច រួមមាន​៖ ​ទី​១៖ វិស័យ​កសិកម្ម នឹង​នៅតែ​ដើរតួនាទី​សំខាន់​ជា​ជ​ន្ទ​ល់​ទ្រទ្រង់​កំណើន និង​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​ជា​វិស័យ​គន្លឹះ ក្នុង​ការធានា​សន្តិសុខ​ស្បៀង ព្រមទាំង​ការគ្រប់គ្រង​បញ្ហា​បរិស្ថាន ដូចជា​ការប្រើប្រាស់​ជី និង​ធនធានទឹក​ជាដើម​។ ទី​២៖ យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម នឹង​នៅតែ​បន្ត​ផ្តោតលើ​ការលើកកម្ពស់​ផលិតភាព​, ការធ្វើ​ពិពិធ​ភាវូបនីយកម្ម និង​ការធ្វើ​ពាណិជ្ជនីយកម្ម​កសិកម្ម រួមទាំង​ការធ្វើ​ទំនើបកម្ម និង​កែច្នៃ​ក​សិ​-​ឧស្សាហកម្ម​។ ដោយ​ធានា​នូវ​សន្តិសុខ​ស្បៀង និង​ការធ្វើ​កសិកម្ម​សម្រាប់​លក់ ដោយ​ធ្វើយ៉ាងណា​ឱ្យ​តម្លៃថោក ដើម្បី​មាន​ភាព​ប្រកួតប្រជែង ហើយ​មាន​ច្រើន​មុខ មានគុណ​ភាព​ ​និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។​ ​ទី​៣៖ ការកសាង​សមត្ថភាព ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​លើ​ការស្រាវជ្រាវ​វិស្វកម្ម រួមទាំង​សហគ្រិនភាព ក្នុង​វិស័យ​កសិកម្ម និង​ត្រូវ​កសាង​បរិស្ថាន​អនុគ្រោះ​សម្រាប់​ទាក់ទាញ​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម​ឱ្យបាន​ច្រើន​។​

​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​នេះ ត្រូវបាន​ធ្វើឡើង ខណៈ ដែលមាន​ការ​ត្អូញត្អែរ​របស់​ក្រុម​អ្នកវិនិយោគ​ផ្នែក​កសិកម្ម ក៏ដូចជា​កសិករ អំពី​តម្លៃ កសិផល​ធ្លាក់ចុះ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១