ព័ត៌មានថ្មីបំផុត

បារាយណ៍​ខាងលិច ឬ​បារាយណ៍ទឹកថ្លា​ តាម​គំហើញ​បុរាណវិទ្យា​ថ្មី​

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 191,251
វប្បធម៌
ANN បារាយណ៍​ខាងលិច ឬ​បារាយណ៍ទឹកថ្លា​ តាម​គំហើញ​បុរាណវិទ្យា​ថ្មី​

 

​វត្ថុបំណង​នៃ​អត្ថបទ​នេះ​គឺ​ចង់បញ្ជាក់​ឲ្យ​ឃើញថា ការដែល​ខ្មែរ​បុរាណ​លើកដី​ឲ្យ​ខ្ពស់​នៅ​បារាយណ៍​ខាងលិច​ឬ​បារាយណ៍ទឹកថ្លា​នោះ​មិនមែន​គ្រាន់តែ​ដើម្បី​ទប់​ឃាំង​ទឹក​ប៉ុណ្ណោះ​ទេ ។ យើង​ចង់​បញ្ជាក់ថា វឌ្ឍនភាព​នៃ​សម័យអង្គរ​គឺ​បណ្តា​លពី​នយោបាយ​ទឹក​ក៏​មែនពិត ក៏ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច​ទេ​ថា ប្រការនេះ​ផ្តើម​ឡើងលើ​មូលដ្ឋានគ្រឹះ នៃ​សម័យ​ចេនឡា​ផងដែរ​។ មាន​បណ្តោយ​ប្រមាណ​ជា​៨​គ​.​ម និង​ទទឹង ២,២​គ​.​ម បារាយណ៍​ខាងលិច​ឬ​បារាយណ៍ទឹកថ្លា បាន​ផ្តើម​សាងសង់ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន ទី​១ ពី​ឆ្នាំ​១០០២ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​រាជ្យ​របស់ ព្រះបាទ​សុខោទ័យ​ទិ​ត្យ វរ្ម័នទី​២ ពី​ឆ្នាំ ១០៥០ ដល់​១០៦៦ នៃ​គ​.​ស ។​

 

​    ​

ជាការ​ពិតណាស់​សំរាប់​អ្នកប្រវត្តិសាស្ត្រ​មួយចំនួន យ​សោធ​បុ​រៈ ឬ​អង្គរតូច គឺជា​រាជធានី​ដំបូង​ក្នុង​សម័យអង្គរ ដែលមាន​រយៈពេល​ប្រមាណ​ជា ៦០០​ឆ្នាំ ហើយ​មាន​ទីតាំងនៅ ខេត្តសៀមរាប បច្ចុប្បន្ន ។ ទីក្រុង​ដ៏​ធំ​សម្បើម​នេះ​បាន បន្សល់ទុក​នូវ​បុរាណ​ស្ថាន ដ៏​ស្កឹមស្កៃ​ជាច្រើន​ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម បាពួន តាកែវ​ជាដើម ដែល​បង្ហាញ​នូវ​អធិរាជ​ភាព​និង​វិសាលភាព របស់​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ។ សូម​រំលឹក​ផងដែរ​ថា សម័យអង្គរ ដែល​ផ្តើមឡើង​នៅ​រាជ្យ​របស់​ព្រះបាទ ជ័យ​វរ្ម័នទី​២ ( គ​.​ស ឆ្នាំ​៨០២-៨៥០ ) លើ​ភ្នំ​គូលែន នគរ​ខ្មែរ​គឺជា​មហាអំណាច​មួយ ក្នុង​ភូមិភាគ​អាស៊ី​អា​គ្មេ​យ៍ ។​
​    ​

 

 

ក៏ប៉ុន្តែ​ជាក់ស្តែង វឌ្ឍនភាព​កប់​កំពូល នៃ​អារ្យធម៌​វប្បធម៌​ខ្មែរ នា​សម័យ​មហានគរ មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ ឬក៏​មិនមែន​ដោយ​ទេព​និមិត្ត​នោះដែរ ។ មានន័យថា ភាពរុងរឿង​នេះ​គឺជា​ការទទួល​ផល​នៃ​ការវិវត្តន៍​មួយ ដែលមាន​រយៈពេល​យូរ ដែល​ផ្តើមឡើង​មុន​សម័យអង្គរ​ម្ល៉េះ ពោលគឺ​សម័យ​ចេនឡា ក្នុងអម្លុង​ដើម ស​.​ត ទី​៧ និង​ទី ៨ នៃ​គ​.​ស យ៉ាង​ប្រាកដ ។ ចំពោះ​តឹកតាង​សម័យ​ចេនឡា សំណង់​ស្ថាបត្យកម្ម​នា​សម័យ​នោះ ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងអស់ ។ ទោះបីជា​យ៉ាងនេះ​ក្តី ដោយ​ពឹង​ផ្អែកលើ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា ក្នុង​តំបន់​សៀមរាប ក៏​ដូច​នៅក្នុង​ខេត្ត​មួយចំនួន​ក្បែរ​ទី​រួម​ខេត្ត​នេះ យើង​បានដឹងថា មាន​វត្តមាន​របស់​ទីក្រុង​ចាស់​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងលិច​បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច​បច្ចុប្បន្ន តែ​សព្វថ្ងៃនេះ​ត្រូវ​លុប​បាត់​ដោយសារ ការស្ថាបនា​បារាយណ៍ ។​​​ ​រីឯ​ការស្ថាបនា​បារាយណ៍ ដ៏​ធំ​សម្បើម​នេះ​ទៀតសោត ក៏​មិនមែនជា​ការជីក​យក​អាច​ម៌​ដី​ចេញ​នោះទេ ក៏ប៉ុន្តែ​គ្រាន់តែ​លើកដី​ទំនប់ ឲ្យ​ខ្ពស់​តែប៉ុណ្ណោះ ។​
​    ​

 

 

សូមជម្រាបថា មាន​ហេតុផល​ច្រើន​ប្រការ​ដែល​បញ្ជាក់​ពី​បញ្ហា​នេះ ។ ជាដំបូង បារាយណ៍​នេះ តំណាង​ឲ្យ​សមុទ្រ​តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ហើយ​ថែមទាំង​ជា​អាងទឹក​មួយ​ដ៏​ធំ​អស្ចារ្យ ផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ក្នុង​តំបន់​សៀមរាប​អង្គរ​ថែមទៀត​ផងដែរ ។​ពីមុន​ទីនេះ​គឺជា​កន្លែង​កប់​សព​មួយ នា​សម័យ​វប្បធម៌​លោហធាតុ ដែលមាន​អាយុកាល​ប្រមាណ​ជា ១០០០​ឆ្នាំ មុន​គ​.​ស ។ បន្ទាប់មក​នា​សម័យ​ប្រវត្តិសាស្ត្រ​ពោលគឺ ចាប់ពី​ចុង​ស​.​តទី​៦​ដល់ទី​៧ ទីតាំង​ដ៏​ធំធេង​នេះ​បានក្លាយ​ទៅជា​អតីត​ទីក្រុង​មួយ​នៅ​សម័យ​ចេនឡា ហើយ​បន្ទាប់មកទៀត​នា​ស​.​តទី​១១​ទីតាំង​ដ៏​ធំ​នេះ​ក៏ត្រូវ​បានក្លាយ​ទៅជា​ទំនប់ទឹក ដោយ​ការ​លើកដី​ជុំវិញ​ឲ្យ​ខ្ពស់​ពី​កម្រិត​ដី​ធម្មតា ។ ដោយសារ​ហេតុផល​នេះហើយ​ទើប​ទីក្រុង​ចាស់​ដែលមាន​មូលនិធិ​សាសនា​ជាច្រើន​ដូចជា​ប្រាសាទអកយំ​ជាដើម​និង​កន្លែង​កប់​សព ត្រូវបាន​លិច​កប់​ក្នុង​ដី​រហូតដល់​សម័យ​ទំនើប ។​
​    ​

 

 

សរុបសេចក្តី​មក បើ​ពិនិត្យ​លើ​វត្ថុតាង​ខាង​បុរាណវិទ្យា​ទាំងនេះ យើង​អាច​កត់សំគាល់ថា មានការ​កាន់កាប់​តំបន់​សៀមរាប​អង្គរ​នេះ តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ ហើយ​ការកាន់កាប់​នេះ​ត្រូវបាន​បន្ត​រហូតដល់​ប​ច្ចុ​ប្បន្ន ក្រោយពី​ឆ្លងកាត់​សម័យ​បុ​រេ​អង្គរ និង​អង្គរ​ដ៏​រុងរឿង​ថ្កើងថ្កាន​អស្ចារ្យ​មក ។​​ ក្រៅពីនេះ យើង​ក៏​អាច​បញ្ជាក់​ផងដែរ​ថា វឌ្ឍនភាព​នៃ​សម័យអង្គរ គឺ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង លើ​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ អ្វីមួយ​ដែល​គេ​ហៅថា នយោបាយ​ទឹក ដែលមាន​បារាយណ៍​ខាងលិច​នេះ ជា​ភស្តុតាង​ជាក់ស្តែង​ស្រាប់ ៕F (​ម​.​ត្រា​ណេ​)

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១