ព័ត៌មានថ្មីបំផុត

ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​ចាប់ផ្តើម​បើកផ្លូវ​ការ​នៅ​ចុង​សប្តាហ៍​នេះ​

ដោយ: ANN ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ 13,154
កីឡាជាតិ
ANN ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​ចាប់ផ្តើម​បើកផ្លូវ​ការ​នៅ​ចុង​សប្តាហ៍​នេះ​

​រាជធានី​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន និង​ជា​លើកដំបូង​របស់​ប្រទេស​កម្ពុជា គឺ​ការប្រកួត​កីឡា​ជាតិ​នឹង​បើក​ជា​ផ្លូវការ នា​ថ្ងៃទី​២៨ ខែតុលា ចុង​សប្តាហ៍​នេះ ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កម្មវិធី​បើក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​មានការ​លោតឆ័ត្រ​យោង​របស់​កងពលតូច​ពិសេស​ឆ័​ត្រ​យោង ៩១១, ការសម្តែង​ក្បាច់គុន​របស់​កងទ័ព ក្បាច់គុន​ល្បុក្កតោ ចលនា​សមស្រប​របស់​គរុ​សិស្ស​អប់រំ​កាយ និង​កីឡា​, ទស្សនីយភាព​សិល្បៈ​ជាច្រើន​ទម្រង់ អា​យ៉ៃ​លោក ព្រហ្ម ម៉ាញ តារាចម្រៀង​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា ស៊ុន ស្រី​ពេជ្រ មុននឹង​ក្បួនព្យុហយាត្រា​របស់​ប្រតិភូ​កីឡា​រាជធានី ខេត្ត និង​ក្រសួង​នានា ចូល​ទីលាន​ប្រារព្ធ​ពិធី​។​

​ទន្ទឹមនឹងនោះ ក៏មាន​ការរត់​ភ្លើង​គប់ ពី​សំណាក់​ព្រឹទ្ធាចារ្យ​កីឡា​ល្បីៗ និង​កីឡាករ កីឡាការិនី​វ័យក្មេង ដែលមាន​កិត្តិ​ស័ព្ទ​ក្នុង​វិស័យ​កីឡា ដូចជា វីរ​កីឡាការិនី កែ ឡេង វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី កីឡាករ ប្រាក់ មុនី​ឧ​ត្ត​ម និង​កីឡាករ ចាន់ វឌ្ឍនាកា​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​នេះ គឺជា​កំណែទម្រង់ នៃ​ការប្រកួត និង​ជាការ​សាកល្បង ដើម្បី​វាស់​ស្ទង់​គុណ​ផល​កីឡា​ជាតិ និង​ហ្វឹកហ្វឺន​មន្ត្រី​ជំនាញ​កីឡា ឲ្យ​មានចំណេះដឹង និង​បទពិសោធន៍​គ្រប់គ្រាន់ សម្រាប់​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១